ព្រេង​​វាសនា​ ហោរា​ទស្សន៍ទាយ​ និង​ក្តី​ស្រលាញ់

ការ​រៀប​អាពាហ៍ពិពាហ៍​មិន​មែន​ធ្វើ​ឡើង​ដោយ​ត្រឹម​តែ​ភាគី​សាមី​ខ្លួន​​​ពីរ​នាក់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ទាម​ទារ​ឱ្យ​មាន​ការ​យល់​ស្រប​ពី​ឪពុក​ម្តាយ​ និង​ក្រុម​គ្រួសារ​ទាំង​សង​ខាង​ផង​ដែរ​ ។ ក្នុង​ករណី​ដែល​ឪពុក​ម្តាយ​​ជំទាស់​មិន​យល់​ស្រប​​ចំពោះ​​អាពាហ៍​ពិពាហ៍​របស់​លោក​អ្នក​ ​វា​នឹង​បណ្តាល​ឱ្យ​អាពាហ៍ពិពាហ៍​នោះ​មិន​អាច​ទទួល​បាន​សុភមង្គល​ពេញ​លេញ ។

ដោយ​សារ​​កត្តា​មួយ​ចំនួន​​​បណ្តាល​ឱ្យ​គូ​ស្នេហ៍​ជា​ច្រើន​​មិនអាច​ទទួល​ពរជ័យ​នៃ​ផ្កា​ស្លា​​អាពាហ៍​ពិពាហ៍​​ដូច​ក្តី​បំណង ។ កត្តា​ទាំង​នោះ​មាន​ដូច​ជាវណ្ណៈ​ ពូជ​សាសន៍​ ពណ៌​សប្បុរ​ និង​ជា​ពិសេស​​គឺ​កត្តា​ឪពុក​ម្តាយ​ពង្រាត់ដោយ​សារ​ខែ​ឆ្នាំ​មិន​ត្រូវ​គ្នា ។

តើ​ការ​ខុស​ខែ​ឆ្នាំ​ពិត​ជា​មិន​​អាច​រៀប​ការ​ជា​ប្តី​ប្រពន្ធ​នឹងគ្នា​​​បាន​ពិត​មែន​ឬ​ ? ឬ​​នេះ​ជា​ព្រេង​វាសនា​ជា​អ្នក​កំណត់​ ? ចុះ​ហេតុ​អ្វី​បាន​ជា​វាសនា​ចារ​​ឱ្យ​គូ​ស្នេហ៍​ដែល​ស្រលាញ់​គ្នា​មិន​បាន​ជួប​គ្នា​បែប​នេះ​ ?​ ម្ខាង​ជា​ស្នេហា​ រី​ឯ​ម្ខាង​ទៀត​ជា​លោក​អ្នក​មាន​គុណ​ តើ​គួរ​សំរេច​ចិត្ត​ជ្រើស​យក​មួយ​ណា​ ?​

ជា​ការ​ពិត​​ លោក​អ្នកប្រាកដ​​ជា​មិន​ចង់​បាត់បង់​​ភាគី​​​ណា​មួយ​ឡើយ​ ។ គ្រួសារ​ និង​​ស្នេហា​​គឺ​សុទ្ធ​តែ​មាន​សារៈ​សំខាន់​សំរាប់​ឆាក​ជីវិត​ទាំង​មូល ​​។​ ក៏ប៉ុន្តែទោះ​បី​ជា​យ៉ាង​ណា​ លោក​អ្នក​នៅ​តែ​ត្រូវ​ធ្វើ​ការ​សំរេច​ជ្រើស​រើស​រវាង​ស្នេហា​ និង​ក្រុម​គ្រួសារ ។ ​ក្នុង​ករណី​នេះ​​ ប្រសិន​បើ​លោក​អ្នក​សំរេច​ចិត្ត​ជ្រើសរើស​យក​ស្នេហា​​ វា​មាន​ន័យ​ថា​ លោក​អ្នក​ប្រឆាំង​នឹង​សេចក្តី​សំរេច​ចិត្ត​របស់​ឪពុក​ម្តាយ ។ ផ្ទុយ​មក​វិញ​ ប្រសិន​បើ​លោក​អ្នក​សំរប​តាម​ការ​​សំរេចរបស់​​ឪពុក​ម្តាយ​​គឺលោក​​អ្នក​សំរេច​ចិត្ត​បោះ​បង់​ចោល​​សេចក្តី​ស្នេហា​របស់​ខ្លួន​ ។

ដូច​នេះ​ វិធី​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ជំហាន​ដំបូង​​គឺ​លោក​អ្នក​ត្រូវសាក​ល្បង​​ព្យាយាម​បញ្ចុះបញ្ចូល​ឪពុក​ម្តាយ​ដោយ​សន្សឹម​ៗ​ និង​​​ត្រូវ​បង្ហាញ​ប្រាប់​ពួក​គាត់ថា​​ លោក​អ្នក​មិន​អាច​បាត់បង់​​គ្រួសារ​ ហើយ​ក៏​រឹត​តែ​មិន​អាច​បាត់បង់​នូវ​សេចក្តី​ស្នេហា ។ លោក​អ្នក​ត្រូវ​បញ្ជាក់ពី​​ទំហំ​ទឹក​ចិត្ត​ដែល​លោក​អ្នក​គោរព​ស្រលាញ់​ពួក​គាត់​ និង​បង្ហាញ​ពី​ទំហំ​ចិត្ត​ដែល​លោក​អ្នក​ស្រលាញ់​មនុស្ស​ដែល​លោក​អ្នក​បំរុង​នឹង​យក​មក​ធ្វើ​ជា​គូ​អនាគត ។ ឪពុក​ម្តាយ​គ្រប់​រូប​តែង​តែ​ស្រលាញ់​កូន​ ហើយ​ចង់​ឱ្យ​កូន​ជួប​តែ​សេចក្តី​សុខ​ដោយ​ហេតុ​នេះ​ពួក​គាត់​នឹងមិន​ព្យាយាម​ធ្វើ​ឱ្យ​លោក​អ្នក​ឈឺ​ចាប់​នោះ​​ទេ ។

ជំហាន​​មួយ​ទៀត​​គឺ​លោក​អ្នក​ត្រូវ​ពិចារណា​ឱ្យបាន​​ច្បាស់​ថា​តើ​មូល​ហេតុ​នៃ​ការ​ជំទាស់​​អាពាហ៍​ពិពាហ៍​​នេះ​​គឺជា​អ្វី​ឱ្យ​ពិត​ប្រាកដ​​ពី​ព្រោះ​ថា​ពេល​ខ្លះ​ខែ​ឆ្នាំ​មិន​ត្រូវ​គ្នា​​គឺ​គ្រាន់​តែ​លេស​​តែ​ប៉ុណ្ណោះ​ ។ ប្រសិន​​បើ​មូល​ហេតុ​ដោយ​សារ​តែ​ខែ​ឆ្នាំ​ខុស​គ្នា​ពិត​មែន​ លោក​អ្នក​គួរ​អនុវត្ត​​ជំហាន​ទី​១​ ហើយ​ប្រសិន​បើ​ដោយ​សារ​តែ​មូលហេតុ​ផ្សេង​ ​លោកអ្នក​គួរ​តែ​បន្ត​អាន​​​ដំណោះ​ស្រាយ​​ខាង​ក្រោមនេះ​​ ។

ជំហាន​ចុង​ក្រោយ​ក្នុង​ករណី​ដែល​​ជំហាន​ទី​១​ និង​ទី​២​ទទួល​បរាជ័យ​​គឺ​លោក​អ្នក​ត្រូវ​តែ​សំរេច​ចិត្ត​ជ្រើស​រើស​បោះបង់​ចោល​ភាគី​​ម្ខាង ។ លោក​អ្នក​ត្រូវ​សួរ​ចិត្ត​ខ្លួន​ឯង​​ “​តើ​លោក​អ្នក​ចង់​បាន​អ្វី​ ? តើ​អ្វី​ដែល​សំខាន់​ជាង​គេ​នៅ​ក្នុង​ឆាក​ជីវិត​របស់​លោក​អ្នក​ ? រវាង​គ្រួសារ​ និង​ស្នេហា​ តើ​មួយ​ណា​ដែល​លោក​អ្នក​មិន​អាច​ខ្វះ​បានឱ្យ​ពិត​ប្រាកដ​​ ?” ។ សម្រាប់​ចំលើយ​គឺ​ដាច់​ខាត​​មាន​តែ​មួយ​គត់​ !!​

ប្រសិន​បើ​​សំរេច​​ជ្រើស​​យក​ស្នេហា​ លោក​អ្នក​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​មនុស្ស​ដែល​លោក​អ្នក​បំរុងនឹង​​យក​មក​ធ្វើ​ជា​គូ​អនាគត​នោះ​ពិត​ជា​មាន​តំលៃសាក​សម​​នឹង​ឱ្យ​លោកអ្នក​លះ​បង់​ក្រុម​គ្រួសារ​ ។ ប្រសិន​បើ​​ជ្រើស​យក​គ្រួសារ​ លោក​អ្នក​ត្រូវ​ចាប់​ផ្តើម​បំភ្លេច​មនុស្ស​ម្នាក់​នោះ​​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ ។ មិន​ថា​ជ្រើស​រើស​ភាគី​ម្ខាង​ណា​ លោក​អ្នក​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​លោក​អ្នក​នឹង​មិន​មាន​វិប្បដិសារី​យ៍​​ទៅ​ថ្ងៃ​ខាង​មុខ ​។ ការ​សំរេច​ចិត្ត​ដែល​ត្រឹម​ត្រូវ និង​ច្បាស់​លាស់​​ត្រូវ​ការ​ចំនាយ​ពេល​វេលា​ ដូច​នេះ​កុំ​ព្យាយាម​ធ្វើ​ការ​សំរេច​ចិត្ត​ដោយ​តក់​ក្រហល់ ។​

ព្រេង​វាសនា​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​ និង​ការ​សំរេច​ចិត្ត​របស់​​មនុស្ស​ម្នាក់​ៗ​ ចំណែកការ​ទស្សន៍ទាយ​​វិញ​ស្ថិត​លើ​មាត់មនុស្ស​ជា​អ្នកនិយាយ​​ រី​​ឯ​សេចក្តី​​ស្នេហា​ទើប​ជាអ្វី​ដែល​​ពិត​ ហើយ​ស្ថិត​ក្នុង​ចិត្ត​របស់​មនុស្ស​​​មិន​អាច​ប្រកែក​បាន” ៕

ដក​ស្រង់​ចេញពីៈ​ ​សួស្តី (ថានិច)

ស្នេហា, Love

ការវិវត្តន៍របស់ ស្នេហា

ចុះសម្រាប់បងប្អូនទាំងអស់គ្នាវិញ តើយល់​យ៉ាង​ណា​ដែរជុំវិញ​បញ្ហានេះ?

About these ads

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , , , , . Bookmark the permalink.

19 Responses to ព្រេង​​វាសនា​ ហោរា​ទស្សន៍ទាយ​ និង​ក្តី​ស្រលាញ់

  1. ក្មេងស្រែ និយាយថា៖

    ក្លាយ​ជា​អ្នក​ចិត្ត​សាស្រ្ត​ហើយ​តើ?! ឡូវ​ដាក់​សុទ្ធ​តា​ចិញ្ចៀនគូរ សង្ស័យ​តា​ជិត​បាន​ឆីការ​ហើយ​ញ៉ុម!

    • pkay_sour និយាយថា៖

      មានឯណា? គ្រាន់អានប៉ះចំអត្ថបទនឹងឃើញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏​ចំលង​មកចែករំលែក​តែ​ម្តងទៅ កុំឲ្យ​ស្ងាត់​ផ្ទះ​ពេក ។ រវល់​ដល់​គីលាន​ហើយ​ម៉ាអាទិត្យ​នឹង :(

      រឿងឆីនោះ មិនជិត​ហេ ក្លាយ​តែអ្នក​ថា​នឹង​មុន​តើ :)

    • ក្មេងស្រែ និយាយថា៖

      ស្ងាត់មែន, ផ្ទះញ៉ុមក៏ស្ងាត់ បាន​តែ​ដើរ​ផ្ទះគេ ។ រឿងឆីហេហ? បែប​រក​ជិត​មិនឃើញ​ហេហ​តាម​មើល!

      • vsthea និយាយថា៖

        ខ្ញុំចង់ឲ្យក្មេង ៗ ឥឡូវបានអាន ហើយយកគំនិតនេះទៅពិចារណា ព្រោះបើតាមសង្កេតមើល​ក្មេង​ ៗ ឥឡូវជាពិសេសក្មេងដែលអាយុ​ចាប់ពី​១៤-១៨ កំពុងតែឈាម​រាវនោះ វាគ្មានគិត​ស្អីទេ ឲ្យតែស្នេហាចូលខ្លួន​ហើយ ស្អី​ក៏វាមិនខ្លាចដែរ ងងិតឈឹងជាងមនុស្សខ្វាក់ទៅទៀត ។ វាមិនខ្វល់ពិថ្ងៃខាងមុខ​មានស៊ី​ឬ អត់ស៊ី​ទេ…

      • pkay_sour និយាយថា៖

        ចា៎បងស្រី មកពីឃើញអត្ថបទនេះ​ល្អ ទើប​ចម្លងយក​មក​ចែក​ជូន​បងប្អូន​យើង​អាន​នឹងណា៎ តែ​មិនដឹង​ថា​ប៉ុន្មានអ្នក​ដែល​បាន​អាន ហើយយកពិចារណានោះទេ? ព្រោះ​គេ​មិន​សូវ​ចាប់​អារម្មណ៍ទេ អត្ថបទអញ្ជឺងៗហ៎ គេចូល​ចិត្ត​តែ​ចម្រៀង វីដេអូ រឺក៏​សម្លៀកបំពាក់​ ឧបករណ៍​ទាន់សម័យអី ទើប​គេ​ចង់​អាន ។

        ធម្មតាទេ នៅក្មេងចាយលុយម៉ែឪស្រួល មិន​ទៅគិត​ដល់​ថា​ការ​ហើយ​បាន​អីស៊ីណា? គិត​ថា​ការ​ហើយ​មាន​លុយ​ចាយ​ស្រាប់ ទាល់​តែ​បាន​គ្នា ហើយទើប​ដឹង​ទឹក​ភ្នែក​រហាម :)

  2. pkay_sour និយាយថា៖

    ក្មេងស្រែ : ណឹងហើយស្ងាត់ តែផ្កាយមួយរយៈនេះមិនសូវ​បាន​ដើរលេងផ្ទះគេហេ រកតែពេល​ផោមមិន​ចង់​បាន​ផង ពេលណាទំនេវវិញ អង្គុយ​ចាក់ធ្មេញលេង តែបើរវល់វិញ រវល់ឡើងបែកញើសក្លៀក បានបន្តិចៗឆ្លៀត​ដាក់​មួយ ផូស ទុក​ឲ្យ​អ្នកជិតខាង​មើលលេង :)

    ជិតមិនឃើញ ចឹង​មានតែឃើញឆ្ងាយហើយ?

  3. បេប៊ី និយាយថា៖

    ជំរាបសួ ម្ចាស់ផ្ទះ !
    ព្រេង​​វាសនា​ ហោរា​ទស្សន៍ទាយ​ ម៉េចទេញុំ​ ! បេប៊ី ជិលរៀនយ៉ាងចឹង !

  4. kamnaproeungortsdach និយាយថា៖

    នៅស្រុកខ្មែរ ហោទាយឆុតរកថ្ងៃមង្គលការល្អៗ តែនៅតែមានការលែងលះគ្នាដែរ។ ក្ដីស្រឡាញ់ក៏នៅ
    មានប្រេះឆា។ មានតែក្ដីស្មោះត្រង់និងក្ដីអធ្យាស្រ័យគ្នាទៅវិញទៅមកទេដែលអាចនៅជាមួយគ្នាបានយូរ។

    • pkay_sour និយាយថា៖

      ហោរាឥលូវឲ្យតែចំសៅរ៍អាទិត្យល្អទាំងអស់នឹង ជាពិសេសថ្ងៃអាទិត្យ ព្រោះថាគេទំនេរច្រើន ហើយស្អែកថ្ងៃចន្ទចូលធ្វើការ ចឹងអត់មានអ្នកហានសូវផឹកហេ តែបើថ្ងៃសៅរ៍វីញច្បាស់ជាផឹក​ងាប់រស់​មិនខាន អាគិគិ

  5. Steven និយាយថា៖

    ចេះច្រើនណាស់តើ! ឡូវចង់ធ្វើគ្រូបង្រៀនខាងរកគូរមែន? ប្រយ័ត្នគេថាអត់ទាន់មានប្ដីផងចង់បង្រៀនគេអោយរកគូរ ចប់ប្រូយ!

    • pkay_sour និយាយថា៖

      ចេះតាមការអាន តែមិនទាន់បានអនុវត្តន៍។ បើរឿង​មានមិនមែន នោះ ជារឿងផ្សេង ព្រោះផ្កាយអត់ចង់បង្រៀន​គេឯណា? គ្រាន់តែផ្តល់ជាគំនិត​មួយ​ចំណែក​សម្រាប់ជួយដល់​ការ​សម្រេចចិត្តរបស់​យើង​គ្រប់​គ្នា។ កាំបិតមិនអាចជិតដឹងឯងបាន អ្នក​ប្រឹក្សាផ្តល់​យោបល់​ច្រើនណាស់​ដែល​មិនអាច​ដោះ​ស្រាយ​ខ្លួនឯង​បាន ហើយមិនទាន់មានគូ​ដូច​គ្នា :)

  6. បញ្ញាសោភណោ និយាយថា៖

    បញ្ហាខាងលើគឺជារឿងស្មុកស្មាញពិតមែនហើយផ្កាយព្រោះមានគូស្នេហ៍ជាច្រើនគេបាន
    បំផ្លាញខ្លួនឯងព្រោះតែមិនអាចស្រាយគំនួចនេះបាន។ បើយកល្អមុននឹងគួចគំនួចនេះ
    ម្ចាស់គំនួចគួរតែពិចារណាឲ្យបានម៉ត់ចត់ជាមុនថាអាចស្រាយបានដោយងាយឬទេ។
    តែគូស្នេហ៍ភាគច្រើនមិនបានគិតដល់រឿងត្រង់នេះទេ ពួកគេតែងដើរគួចគំនួចស្នេហ៍
    ទៅជារឿយៗដោយក្តីភ្លើតភ្លើនសំរាន្តចិត្តលង់លិចភ្លេចខ្លួនរហូតដល់ជំពាក់ជំពិនរកមុខ
    មិនឃើញ ទីបំផុតក៏ទៅស្រាយគំនួចលើស្ពានជ្រោយចង្វាខ្លះ លើដើមឈើខ្លះ លើរនូត
    ផ្ទះខ្លះ ឬដោយថ្នាំសម្លាប់កណ្តុរខ្លះដែលជារឿងគួរឲ្យសោកស្តាយបំផុត :D

    • pkay_sour និយាយថា៖

      ចា៎! ដំបូងសូមអរគុណដល់ល្បង​​បញ្ញាសោភណោ ដែល​បាន​ចូល​មកជួយបញ្ចេញ​យោល​បល់​នៅទីនេះ។

      បញ្ញានេះ​គឺ​មិនមែន​ស្មុគ​ស្មាញ​ធម្មតានោះទេ ព្រោះ​ថា​យើង​គ្រប់គ្នា​ម្នាក់ៗ​សុទ្ធតែ មាន​ទស្សនៈ​រាងខ្លួន ម្យ៉ាង​ដូចពាក្យគេថា ពេលស្នេហាចូល​មកដល់ ហេតុផលនឹង​ដើរ​ចេញ។ ដូច្នេះ​បើ​ទោះ​យើង​ដឹងអញ្ជឹងមែន តែពេលបញ្ហាចូល​មកដល់ យើងក៏ពិបាកគ្រប់គ្រង់អារម្មណ៍ខ្លួនឯង​ដែរ ថាមិនត្រូវ​យើង​ដើរខុសផ្លូវផងក៏មិនដឹង។ អ្នក​ណា​ចង អ្នក​នោះ​គួរ​តែ​ជា​អ្នក​ស្រាយ តែ​បើ​អ្នក​ស្រាយ​មិន​ដឹងរបៀបស្រាយ រឺក៏​មិនចង់ស្រាយ ចឹងបញ្ហានៅតែ​ជា​បញ្ហា។

      និយាយឲ្យត្រង់ទៅមិនថាគេ មិនថាខ្ញុំ ពេលខ្លះគឺ​បាន​តែទ្រឹស្តី ពេល​បញ្ហាមិនទាន់​មក​ដល់ តែ​ដល់​មាន​បញ្ហាមកដល់ ក៏ពិបាក​សម្រេចចិត្ត ។ អ្នក​ថាស្រួល​តែអ្នកធ្វើ​តើជា​អ្នកពិបាក។ តែបើ​មនុស្ស​គ្រប់គ្នាសុទ្ធតែអាច​គ្រប់​គ្រងអារម្មណ៍ខ្លួនឯង គិត​ដោយ​សន្តិវិធីរហូតនោះ មិនដឹងពិភព​លោក​មានសេចក្តីសុខយ៉ាងណានោះទេ ផ្កាយក៏មិនបាច់ឆាប់​ចាស់​មុន​អាយុដែរ :D

  7. បញ្ញាសោភណោ និយាយថា៖

    ហ្នឹងហើយ! តាមដែលផ្កាយពោលមក ដោយសរុបឃើញថាបញ្ហាទាំងអស់នោះស្ថិតនៅ
    លើការគ្រប់គ្រងអារម្មណ៍មែនទេ :D

    ពិតណាស់ មនុស្សគ្រប់រូបតែងត្រូវអារម្មណ៍អូសទាញ ហេតុអ្វីអារម្មណ៍អាចអូសទាញ
    យើងបាន ព្រោះអារម្មណ៍ក៏គឺចិត្ត(ចិត្តជានាយកាយជាបម្រើ) ដូច្នេះរឿងតូចធំគឺ
    អាស្រ័យនៅលើចិត្តហ្នឹងហើយ :D

    និយាយឲ្យខ្លីទៅគឺដូចផ្កាយវោហាហ្នឹងឯង :D ទ្រឹស្តីនិងការបតិបត្តិនៅម្នាក់មួយទិស
    “អ្នកធ្វើមិននិយាយអ្នកនិយាយមិនធ្វើ” ជាពាក្យដែលគេតែងលើកយកមកពោលជា
    ញឹកញយ។ តែទោះយ៉ាងណាក្តី ទ្រឹស្តីគឺជាបែបផែនមួយដែលអាចធ្វើចិត្តនាំយកទៅ
    គិត កាលបើចិត្តដែលជាចៅហ្វាយរបស់កាយគិតបានហើយ ក៏ចេញបញ្ជាឲ្យកាយ
    ប្រព្រឹត្តតាមទៅផងដែរ(ទ្រឹស្តីមិនឥតប្រយោជន៍សោះទេ) :D

    • pkay_sour និយាយថា៖

      ចា៎ គឺស្ថិតលើអារម្មណ៍ ហើយនឹងការគ្រប់គ្រង់អារម្មណ៍របស់​មនុស្ស​ម្នាក់ៗ តែបើយើង​ម្នាក់ៗចេះ​ដឹង​ច្រើន ហើយព្យាយាមគ្រប់គ្រងអារម្មណ៍របស់ខ្លួន ក៏ដូចជាព្យាយាម​គិត​ដល់​ផលអាក្រក់​ដែល​នឹង​កើត​ឡើង​នៅថ្ងៃ ក្រោយ នោះ​ផ្កាយជឿ​ថា​ អាច​ជួយ​កាត់​បន្ថយ​សេចក្តីក្រោធរបស់​មនុស្ស​ម្នាក់ៗ​បាន​មួយ​ចំនួន​ដែរ។ តែ​បើ​មនុស្ស​ម្នាក់ៗ​ប្រកាន់ទស្សនៈមានៈរាងខ្លួន ហើយ​គិត​តែ​ពីប្រយោជន៍ និង​អារម្មណ៍ខ្លួនឯង ដោ​យ​មិន​ខ្វល់ពីអ្នក​ដទៃ​នោះ ចឹងទោះនិយាយច្រើនប៉ុណ្ណាដ៏ដូចចាក់ទឹកលើក្បាលទាដែរ។ ធ្វើម៉េច​នេះគេហៅថា​មនុស្ស មានសាច់​មានឈាម មិនមែន​ដុំថ្មឯណា? :)

  8. povdaia និយាយថា៖

    ហេតុអ្វីក៏វេទនាម៉្លេះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s